ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីស្ត្រីពីរនាក់ដែលជិះម៉ូតូតាមផ្លូវ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង២០នាទីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៤ នៅចំណុចមុខការ៉ាស់សាំងតេលា ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១ មាន ឈ្មោះ ចេង សុខជាវុទ្ធី ភេទប្រុស អាយុ៣៦ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រៃកោងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទី២ ឈ្មោះ ណន សុវណ្ណនី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះមានឈ្មោះ គី និមលកន្និកាភេទស្រីអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នផ្ទះលេខ៨៦ ផ្លូវលេខ១៦៨ ភូមិ៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១៨និង២០នាទី ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៤ ជនរងគ្រោះកំពុងតែជិះម៉ូតូ២នាក់បងប្អូនជីដូនមួយដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ខណៈមកដល់ចំណុចភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហា វុិចរ៉ាយ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1JL-7483 បានមកធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់ជនរងគ្រោះដែលដាក់នៅក្នុងឃ្លុបម៉ូតូខាងមុខ បានសម្រេច ហើយព្យាយាមជិះគេចខ្លួន តែត្រូវជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយហើយស្រែកថា ចោរៗ ។
សមត្ថកិច្ចបន្តថា លុះមកដល់ចំណុចមុខការ៉ាស សាំងតេលា ស្ថិតនៅភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ជនសង្ស័យបានដួលម៉ូតូភ្លាមៗក៏ មានបងប្អូនប្រជាពលរដ្ឋនៅជិតនោះជាច្រើននាក់បានវាយទៅលើជនសង្ស័យមួយដៃមួយជើងឡើងទ្រោមភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យជាក់ស្ដែងនិងវត្ថុតាងនាំយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ៣ តែម្ដង។
សមត្ថកិច្ចឲ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ណន សុវណ្ណនី ថាខ្លួនធ្លាប់បានប្រើប្រាស់គ្រឿងញៀននិងចូលមណ្ឌលកែប្រែឃ្មួញចំនួន៦ដង និង ឈ្មោះ ចេង សុខជាវុទ្ធី ធ្លាប់ប្រើប្រាស់គ្រឿងញៀននិងចូលមណ្ឌលកែប្រែឃ្មួញចំនួន៤ដងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។
ចំណែកទូរសព្ទ័របស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ៕