សមត្ថកិច្ចជំនាញបានច្រានចោលការផ្សព្វផ្សាយពាក់ព័ន្ធនឹងពលករខ្មែរវិលចូលប្រទេសវិញថា “មិនដូចការគិត របស់ហ្វី(Free)មិនស្រួលទេ ” បើចង់បានលឿនត្រូវអស់៤០០បាត
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ មានពលរដ្ឋខ្មែរជាង ៩៧,៣៧៧នាក់ ក្នុងនោះជាពលករចំនួនជាង ៣១,០៣៩នាក់ បានធ្វើដំណើរវិលចូលប្រទេសវិញដោយក្តីសប្បាយរីករាយក្រោមកិច្ចស្វាគមន៍ និងជួយសម្រួលគ្រប់បែបយ៉ាងដោយមន្ត្រីនគរបាលអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ។ ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី០៥ ខែមេសាឆ្នាំ២០២៤កន្លងទៅ មានគណនីហ្វេសប៊ុកឈ្មោះ រ័ត្ន មង្គលបូរី បានបង្ហោះវីឌីអូបង្ហាញពីការកកស្ទះ ដោយសរសេររៀបរាប់ថា “មិនដូចការគិត របស់ហ្វីមិនស្រួលទេ ” បើចង់បានលឿនត្រូវអស់ ៤០០បាត ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចាត់វិធានការស្រាវជ្រាវនិងរកឃើញថា ការកកស្ទះដូចបានបង្ហោះនោះ គឺមិនស្ថិតនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំដី របស់កម្ពុជាឡើយ ៕