ម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថាអាស៊ានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក ដោយសារស្ត្រីអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋានគ្រឹះនៃសហគមន៍ សេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក ដោយសារស្ត្រីអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច ដោយបានរួមចំណែកដល់ការបង្កើតការងារកាត់បន្ថយភាពក្រីក្រ, និងលើកស្ទួយសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់ និងអន្តរជាតិ ជំរុញកំណើន និងបង្កើននវានុវត្តន៍ឆ្លងព្រំដែន។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍នេះក៏ជាកាលានុវត្តភាពដ៏ពិសេស សម្រាប់ការផ្លាស់ប្តូរចំណេះដឹង ការកសាងសមត្ថភាព និងកិច្ចសហការនានា ដែលអនុញ្ញាតឱ្យសហគ្រិនស្ត្រីអាចអភិវឌ្ឍយុទ្ធសាស្ត្រ បង្កើនសមត្ថភាពអាជីវកម្ម និងភាពប្រកួតប្រជែង ចែករំលែក ឧត្តមានុវត្តន៍ និងភ្ជាប់ខ្លួនទៅនឹងបណ្តាញធនធាន ទំនាក់ទំនង និងទីផ្សារដ៏ធំទូលាយ។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាភស្តុតាងមិនអាចប្រកែកបាននៃស្មារតីអង់អាចរបស់ស្ត្រីអាស៊ាន ដែលហ៊ានជម្នះឧបសគ្គ មានមហិច្ឆតា និងហ៊ានដឹកនាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក ដោយសារស្ត្រីអាស៊ាន បានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ចដោយបានរួមចំណែកដល់ការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន, ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់ និងអន្តរជាតិ ជំរុញកំណើន និងបង្កើននវានុវត្តន៍ឆ្លងព្រំដែន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅកម្ពុជា មូលដ្ឋានគ្រឹះនៃសង្គមដែលប្រកបដោយសន្តិភាព ភាពសុខដុមរមនា និងភាពធន់ ត្រូវបានរួមចំណែកបង្កើតឡើងដោយស្ត្រីជាច្រើនជំនាន់។ ម្តាយ និងជីដូនរបស់យើង និងស្ត្រីជាច្រើនជំនាន់បានចិញ្ចឹមបីបាច់គ្រួសារ រក្សាប្រពៃណី ផ្តល់គុណតម្លៃនៃសេចក្តីមេត្តា ការគោរព និងសាមគ្គីភាពដល់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្លាំងដ៏មុតស្រួច និងការណែនាំដ៏ទន់ភ្លន់របស់ស្រ្តី បានជួយរក្សាលំនឹងរបស់យើង នៅពេលឆ្លងកាត់កាលៈទេសៈដ៏ ច្របូកច្របល់ និងអនុញ្ញាតឱ្យប្រទេសជាតិ មានការរីកចម្រើន ការផ្ដល់តម្លៃ និងផ្តល់ ការគោរពចំពោះស្រ្តី បានដក់ជាប់យ៉ាងជ្រៅ នៅក្នុងវប្បធម៌, ប្រពៃណី និងការអប់រំប្រៀនប្រដៅរបស់យើង៕