ព្រឹទ្ធសភាកំណត់យកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥
=======
នាព្រឹកថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ។
២-កំណត់របៀបវារៈ កាលបរិចេ្ឆទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ ។
៣-ផ្សេងៗ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ខាងលើនេះ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន